វ័យជំទង់គឺជាវ័យដែលពិបាកយល់។ ក្មេងវ័យជំទង់ ងាយប៉ះទង្គិចផ្លូវចិត្ត ឆាប់ឆេវឆាវ ក្លាហានពេលខ្លះជ្រុល ហើយពេលខ្លះចូលចិត្តចង់សាកល្បងដោយខ្វល់ពីផលវិបាក។ ខ្មែរយើងតែងហៅវ័យជំទង់ថាជាវ័យឈាមរាវ។
តើអ្វីជាកត្តាជីវសាស្រ្តដែលធ្វើអោយក្មេងជំទង់មានលក្ខណៈទាំងនេះ?
មនុស្សជាច្រើនសុទ្ធតែដឹងថា លក្ខណៈរបស់ក្មេងជំទង់ដែលយើងហៅថាឈាមរាវនេះ កើតឡើងអំពីការប្រែប្រួលអរម៉ូន ព្រោះនៅវ័យជំទង់នេះសារពាង្គកាយរបស់មនុស្សមាននូវការបញ្ចេញអរម៉ូនជាច្រើនដើម្បីត្រៀមលក្ខណៈបន្តពូជ។ អរម៉ូនទាំងនេះមានឥទ្ធិពលដល់អាកប្បកិរិយារបស់គេ តួយ៉ាងអរម៉ូនតេស្តូស្តេរ៉ូនត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយនិងភាពព្រហើនឈ្លានពាន។
មែនទែនទៅ កត្តាសំខាន់បំផុតដែលធ្វើអោយក្មេងវ័យជំទង់មានអាកប្បកិរិយាបែបឈាមរាវ នេះគឺដោយសារការអភិវឌ្ឍខួរក្បាលរបស់ពួកគេមិនទាន់ពេញលក្ខណៈ។ ទាក់ទងនិងអារម្មណ៍និងការគ្រប់គ្រងខ្លួនឯង យើងអាចចែកខួរក្បាលមនុស្សជា២ផ្នែកគឺផ្នែក ប្រព័ន្ធឡាំប៊ិច (Limbic system) និង សំបកខួរផ្នែកខាងមុខនៃខួរក្បាល (Prefrontal cortex)។ នៅក្នុងប្រព័ន្ធ Limbic មានផ្នែកមួយហៅថា Amygdala ដែលទទួលខុសត្រូវក្នុងការបង្កើតអារម្មណ៍ដូចជាការភ័យខ្លាច ការរំជើបរំជួលជាដើម ហើយវាធ្វើមានការឆ្លើយតបរហ័សទៅនឹងរំញោចដែលបង្កើតអារម្មណ៍ទាំងនោះ។ អ្នកវិទ្យាសាស្រ្តគិតថាផ្នែកlimbicនេះគឺជាផ្នែកដែលបន្សល់មកពីបុព្វបុរសរបស់យើងដែលរស់នៅក្នុងព្រៃកាលពីរាប់សែនរាប់លានឆ្នាំមុន។ ដោយសារតែលក្ខណៈឆ្លើយតបរហ័សរបស់វាទើបធ្វើអោយយើងអាចរស់នៅក្នុងព្រៃបាន។ ឧទាហរណ៍ នៅពេលដែលយើងលឺសំលេងសត្វខ្លាភ្លាម យើងនឹងរកកន្លែងគេចខ្លួនភ្លាមដោយមិនចាំបាច់គិតវែងឆ្ងាយ (រវល់តែគិត ខ្លាចាប់ឆឺបាត់)។ ចំនែកផ្នែក Prefrontal cortex គឺជាផ្នែកនៃខួរក្បាលដែលគេជឿថាទើបតែវិវត្ត។ ផ្នែកនេះអាចអនុញ្ញាតអោយមនុស្សចេះត្រេះរិះពិចារណា ថ្លឹងថ្លែងហេតុផល គុណសម្បត្តិ គុណវិបត្តិនិងអាចគ្រប់គ្រងខ្លួនឯងនៅចំពោះមុខការសម្រេចចិត្តណាមួយ។ ចំពោះក្មេងជំទង់ ផ្នែកPrefrontal cortex នេះមិនទាន់វិវត្តពេញលេញនៅឡើយទេ ហេតុនេះហើយទើបពួកគេងាយឆេវឆាវ ងាយខឹង ងាយខូចចិត្ត ងាយប្រព្រឹត្តអំពើអបាយមុខសេពគ្រឿងញៀន មានផ្ទៃពោះមុនរៀបការ និងធ្វើរឿងគ្រោះថ្នាក់ជាច្រើនទៀតជាងមនុស្សពេញវ័យ។ ប្រហែលជាដោយសារបែបនេះហើយទើប ច្បាប់របស់ប្រទេសជាច្រើនដាក់ពិន័យក្មេងដែលធ្វើខុសស្រាលជាងមនុស្សចាស់ដែលធ្វើខុស។ តាមការពិត ផ្នែកPrefrontal cortexវិវត្តពេញលក្ខណៈនៅពេលមនុស្សខ្ទង់២៥ឆ្នាំតែប៉ុណ្ណោះ។
ស្វែងយល់បន្ថែម៖
https://www.ncbi.nlm.nih.gov/pmc/articles/PMC4539143
https://www.health.harvard.edu/mind-and-mood/the-adolescent-brain-beyond-raging-hormones
https://www.nimh.nih.gov/health/publications/the-teen-brain-7-things-to-know/index.shtml
https://www.stanfordchildrens.org/en/topic/default?id=understanding-the-teen-brain-1-3051
https://www.urmc.rochester.edu/encyclopedia/content.aspx?ContentTypeID=1&ContentID=3051