អរម៉ូន និងក្រពេញអង់ដូគ្រីន

តើអ្នកមានដែលចាប់អារម្មណ៍ទេថានៅពេលដែលអ្នកភ័យ រឺនៅពេលឃើញcrush​របស់អ្នក បេះដូងរបស់អ្នកលោតញាប់ខុសពីធម្មតា?

ការដែលបេះដូងយើងលោតញាប់ខុសធម្មតានេះគឺជាឥទ្ធិពលមួយនៃអរម៉ូន។

តើអរម៉ូនជាអ្វី? 

អរម៉ូនគឺជាសារធាតុគីមីដែលផលិតដោយកោសិកានៅក្នុងក្រពេញអង់ដូគ្រីន ហើយសារធាតុគីមីទាំងនេះត្រូវបានបញ្ចេញទៅក្នុងឈាមដើម្បីបញ្ជូនព័ត៌មានទៅកាន់កោសិកានៃផ្នែកផ្សេងៗនៃសារពាង្គកាយយើង។ ពេលខ្លះគេហៅអរម៉ូនថាជាសារធាតុគីមីនាំសារ។ 

ព្រឹត្តិការណ៍ជាច្រើនដែលកើតឡើងក្នុងខ្លួនរបស់យើងរាប់ចាប់តាំងពី ការងងុយគេង ការលូតលាស់ ការពេញវ័យ​  រហូតដល់ការពរពោះ ត្រូវបានគ្របគ្រងដោយអរម៉ូន។

កោសិកាដែលទទួលព័ត៌មានអំពីអរម៉ូនហៅថាកោសិកាគោលដៅ។ ព័ត៌មានដែលបញ្ជូនទៅកាន់កោសិកាគោលដៅអាចជាព័ត៌មានដែលប្រាប់កោសិកាគោលដៅអោយបង្កើនសកម្មភាពរឺបន្ថយសកម្មភាព។

ឧទាហរណ៍នៅក្នុងករណីយើងភ័យខាងលើ បេះដូងរបស់យើងលោតញាប់ដោយសារអរម៉ូនម្យ៉ាងឈ្មោះអាដ្រេណាលីន។ អរម៉ូននេះត្រូវបានបញ្ចេញដោយក្រពេញអង់ដូគ្រីនឈ្មោះក្រពេញខួរលើតម្រងនោម។ 

អរម៉ូនមិនត្រឹមតែភ្ញោចរឺបញ្ឈប់សកម្មភាពកោសិកាគោលដៅប៉ុណ្ណោះទេ វាក៏មានអំពើលើក្រពេញដែលបញ្ចេញអរម៉ូនផងដែរ។ 

ទំនាក់ទំនងរវាងក្រពេញដែលផលិតអរម៉ូន ជាមួយអរម៉ូន និងសរីរាង្គគោលដៅ បង្កើតបានជាប្រព័ន្ធមួយដែលយើងហៅថាប្រព័ន្ធអង់ដូគ្រីន។

ពាក្យ «អរម៉ូន» ត្រូវបានប្រើប្រាស់ដំបូងនៅក្នុងជីវវិទ្យានិងវេជ្ជសាស្រ្តដោយអ្នកប្រាជ្ញពីររូបគឺលោក បេលីស(Baylis) និង ស្តាតលីង (Startling)នៅឆ្នាំ១៩០៤។ អ្នកទាំង២បានអោយនិយមន័យ«អរម៉ូន»ថាជាសារធាតុគីមីដែលបញ្ចេញនៅផ្នែកមួយនៃសារពាង្គកាយ ហើយត្រូវបានដឹកនាំដោយឈាមឬទឹករងៃទៅកាន់ផ្នែកមួយទៀតនៃសារពាង្គកាយដើម្បីតម្រូវសកម្មភាពនៃផ្នែកនោះ។ អ្នកទាំង២បានបង្ហាញតាមរយៈការពិសោធន៍ថានៅពេលដែលមនុស្សបរិភោគអាហារ ផ្នែកខាងលើនៃបំពង់ក្រពះពោះវៀននឹងបញ្ចេញសារធាតុសកម្មម្យ៉ាងដែលទៅភ្ញោចលំពែងអោយបញ្ចេញរសរំលាយអាហារសំរាប់រំលាយអាហារនៅពេលវាធ្លាក់ដល់ពោះវៀនតូច។ 

ប្រព័ន្ធអង់ដូគ្រីនរបស់មនុស្ស រួមមាន៖

  1. អុីប៉ូតាឡាមុសដែលជាផ្នែកមួយរបស់ខួរក្បាល ហើយផលិតអរម៉ូនពីរគឺ អង់ទីឌីអ៊ុយរេទិច ADH និងអុកសុីតូសុីន។  ADH ជាអរម៉ូនដែលធានាអោយបាននូវបរិមាណជាតិទឹកសមស្របនៅក្នុងខ្លួនយើងតាមរយៈការមានអំពីទៅលើតម្រងនោម។ ចំនែកអរម៉ូនអុកសុីតូសុីនជាអរម៉ូនភ្ញោចការកន្ត្រាក់សាច់ដុំរលីងនៅក្នុងស្បូននៅពេលសំរាលកូន និងកន្ត្រាក់ក្រពេញទឹកដោះដើម្បីបញ្ចេញទឹកដោះនៅពេលបំបៅកូនផងដែរ។
  2. ក្រពេញអុីប៉ូភីសដែលជាក្រពេញដែលស្ថិតនៅជាប់ខាងក្រោមអុីប៉ូតាឡាមុស។ ក្រពេញនេះចែកជា២ផ្នែកគឺអុីប៉ូភីសក្រោយ និងអុីប៉ូភីសមុខ។ អុីប៉ូភីសក្រោយបញ្ចេញអរម៉ូន២ដែលផលិតដោយអុីប៉ូតាឡាមុសគឺ អង់ទីឌីអ៊ុយរេទេច ADH និងអុកសុីតូសុីន។

ចំណែកអុីប៉ូភីសមុខវិញពេលខ្លះត្រូវបានគេហៅថាក្រពេញមេ ព្រោះវាផលិតនិងបញ្ចេញអរម៉ូនជាច្រើនដែលមានឥទ្ធិពលទៅលើក្រពេញផ្សេងទៀតដូចជា 

  • អរម៉ូនលូតលាស់ (GH: Growth Hormone)ដែលមានអំពើទៅលការលូតកំពស់។ 
  • អរម៉ូនប្រូឡាក់ទីន (Prolactine) ដែលធ្វើអោយក្រពេញទឹកដោះលូតលាស់និងផលិតទឹកដោះក្រោយពេលសំរាលកូន។
  • អរម៉ូនមេឡាណូសុីតស្ទីមុយឡង់ (MSH) ដែលភ្ជោចកោសិកាមេឡាណូសុីតរបស់ស្បែកអោយផលិតជាតិពណ៌មេឡានីន។
  • អរម៉ូនទីរ៉េអូស្ទីមុយលីន (TSH) ដែលភ្ញោចក្រពេញទីរ៉ូអុីតអោយផលិតទីរ៉ុកសុីន។
  • អរម៉ូនអាដ្រេណូករទីកូត្រូប (ACTH) ដែលភ្ញោចក្រពេញករតិចលើតម្រងនោមអោយផលិតអរម៉ូនករទីសូល។
  • អរម៉ូនកូណាដូស្ទីមុយលីន (Hormone gonadostimuline) ដែលភ្ញោចពងស្វាសចំពោះមនុស្សប្រុស និងអូវែចំពោះមនុស្សស្រីអោយបញ្ចេញអរម៉ូនភេទ។
  1. ក្រពេញទីរ៉ូអុីត ជាក្រពេញស្ថិតនៅត្រង់ក ខាងក្រោមបំពង់សំឡេងនិងខាងមុខបំពង់ខ្យល់។ ក្រពេញនេះផលិតអរម៉ូនទីរ៉ុកសុីន ហើយបញ្ចេញក្រោមការបញ្ជារបស់អរម៉ូនទីរ៉េអូស្ទីមុយលីនរបស់អុីប៉ូភីសមុខ។ ទីរ៉ុកសុីនមានមុខងារកំណត់ល្បឿនប្រតិកម្មមេតាបូលីសនៅក្នុងសារពាង្គកាយ។ ពេលមានបរិមាណទីរ៉ុកសុីនច្រើនពេក កោសិកានឹងសកម្មខ្លាំងក្នុងការធ្វើដង្ហើមកោសិកា​ ធ្វើអោយ សីតុណ្ហភាពរាងកាយនិង អត្រាចង្វាក់បេះដូងកើនឡើង ហើយស្រកទំងន់។
  2. ក្រពេញប៉ារ៉ាទីរ៉ូអុីតជាក្រពេញរាងពងក្រពើតូចៗចំនួន៤ដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអុីត។ ក្រពេញនេះផលិតអរម៉ូនប៉ារ៉ាទីរ៉ូអុីត (PTH) សម្រាប់តម្រូវមេតាបូលីសកាល់ស្យូមនិងផូស្វាត ហើយវាត្រូវបានគ្រប់គ្រងដោយកំហាប់កាល់ស្យូមCa2+ក្នុងឈាម។​ កាលណាកំហាប់កាល់ស្យូមក្នុងឈាមទាប អរម៉ូនប៉ារ៉ាទីរ៉ូអុីតនឹងត្រូវបានបញ្ចេញ ដែលធ្វើអោយមានការដកកាល់ស្យូមពីឆ្អឹងមកបញ្ជូលក្នុងឈាម។ ហេតុនេះហើយ នៅពេលដែលមានការបញ្ចេញប៉ារ៉ាទីរ៉ូអុីតច្រើនហួសហេតុ នោះឆ្អឹងនឹងទៅជាស្រួយដោយសារបាត់កាល់ស្យូម។
  3. ក្រពេញលើតម្រងនោម ជាក្រពេញ២ដែលស្ថិតនៅលើតម្រងនោមនីមួយៗ។​ ក្រពេញនេះត្រូវបានគេចែកជា២ផ្នែកគឺ៖
    • ក្រពេញខួរលើតម្រងនោម (Glande medullo-surrenale) ជាក្រពេញស្ថិតនៅផ្នែកខាងក្នុងនៃក្រពេញលើតម្រងនោម។ ក្រពេញនេះផលិតអរម៉ូនដែលឆ្លើយតបនឹងស្ថានភាពស្ត្រេសរឺគ្រោះថ្នាក់។ នៅពេលប្រឈមមុខគ្រោះថ្នាក់ ក្រពេញនេះបញ្ចេញអាដ្រេណាលីនដែលបង្កើនចង្វាក់បេះដូង បង្កើនគ្លុយកូសក្នុងឈាម និងធ្វើអោយប្រស្រីភ្នែករីកធំ ដើម្បីត្រៀមខ្លួនទប់ទល់រឺរត់គេច។
    • ក្រពេញករតិចលើតម្រងនោម (Glande cortico-surrenale) ស្ថិតនៅផ្នែកខាងក្រៅនៃក្រពេញលើតម្រងនោម។​ វាផលិតអរម៉ូនសំខាន់២គឺករទីសូល និងអាល់ដូស្តេរ៉ូន។ ករទីសូលជាអរម៉ូនមានឥទ្ធិពលទៅលើប្រតិកម្មបំបែកប្រូតេអុីននិងលីពីត និងបំលែងអាសុីតអាមីនេនិងលីពីតក្នុងថ្លើមអោយទៅជាគ្លុយកូសចូលទៅក្នុងឈាម។ ករទីសូលក៏ត្រូវបានបញ្ចេញនៅពេលស្ថានភាពស្ត្រេសផងដែរ។​ ហេតុនេះហើយក៏ស្ត្រេសយូរនឹងធ្វើអោយបរិមាណករទីសូលក្នុងឈាមច្រើន ហើយអាចនាំអោយយើងប្រឈមជំងឺទឹកនោមផ្អែម។ អរម៉ូនអាល់ដូស្តេរ៉ូន មានឥទ្ធិពលទៅលើការរក្សាសម្ពាធឈាមតាមរយៈការគ្រប់គ្រងបរិមាណអុីយ៉ុងសូដ្យូមដែលបញ្ចេញតាមទឹកនោម។
  4. លំពែង ជាសរីរាង្គដែលជាផ្នែកមួយនៃប្រដាប់រំលាយអាហារ ស្ថិតនៅសណ្តូកទទឹងក្នុងពោះពីលើពោះវៀនតូច។ លំពែងផលិតអង់សុីមរំលាយអាហារផង និងអរម៉ូនផងតាមរយៈកោសិកាពិសេសមួយក្រុមហៅថាអុីឡូដឺឡង់សេរ៉ង់ (Illots de Langerhans) ដែលមានន័យថាកោះតូចៗរបស់ឡង់សេរ៉ង់កោះតូចៗឬអុីឡូនេះគឺសំដៅដល់កោសិកាដែលនៅផ្តុំគ្នាមួយក្រុមៗដូចជាកូនកោះ។ អុីឡូនីមួយៗមានកោសិកា២ប្រភេទគឺ កោសិកាបេតា ដែលបញ្ចេញអរម៉ូនអាំងស៊ុយលីន និងកោសិកាអាល់ហ្វាដែលបញ្ចេញអរម៉ូន គ្លុយកាកុង។ អរម៉ូនទាំងធ្វើការតម្រូវបរិមាណគ្លុយកូសក្នុងឈាម។ អាំងស៊ុយលីនបន្ថយបរិមាណគ្លុយកូសក្នុងឈាម ហេតុនេះហើយទើបអ្នកដែលខ្វះអង់សុយលីនក្លាយជាអ្នកជំងឺទឹកនោមផ្អែម។
  5. ក្រពេញភេទ មានពីរគឺ អូវែចំពោះមនុស្សស្រី និងពងស្វាសចំពោះមនុស្សប្រុស។ ក្រពេញនីមួយៗបញ្ចេញអរម៉ូនភេទដែលជួយក្នុងការផលិតកាម៉ែត និងជួយក្នុងការលូតលាស់លក្ខណៈភេទបន្ទាប់បន្សំ។ ក្រពេញទាំង២ បញ្ចេញអរម៉ូនក្រោមការគ្រប់គ្រងរបស់ក្រពេញអុីប៉ូភីសមុខ។

Leave a Reply

Your email address will not be published. Required fields are marked *

ត្រឡប់ទៅខាងលើ